(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសការចូលរួមជំរុញសកម្មភាពនៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន គឺជាសក្ខីភាពមួយ នៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលក្រសួងបរិស្ថានគាំទ្រការជំរុញប្រសិទ្ធភាព នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
លោកបណ្ឌិតបានថ្លែងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
លោកបណ្ឌិត អ៊ាង សុផល្លែត បន្តថា លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្របដោយចីរភាព។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីផែនការសកម្មភាព ការរៀបចំតំបន់កោះស្រឡៅ នៅក្នុងខេត្តកោះកុង ជាកោះអព្យាក្រឹតកាបូន នៅឆ្នាំ២០២៦ ខាងមុខ។ ក្រសួងបរិស្ថាន បានសិក្សារួចហើយ និងគ្រោងដាក់ចេញផែនការសកម្មភាព សំខាន់ៗ ដូចជាផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ជំរុញសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ផ្តល់ឡដុតសំរាមដើរដោយថាមពលពន្លឺព្រះអាទិត្យ និងជំរុញការថែរក្សា និងដាំស្តារព្រៃកោងការ ដែលជាសម្បត្តិធម្មជាតិ ជួយឱ្យតំបន់មានភាពស្រស់ស្អាត ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជាជម្រកនៃធនធានធម្មជាតិយ៉ាងសំខាន់។
សូមបញ្ជាក់ថា ស្របជាមួយនឹងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងបរិស្ថាន បានផ្ទេរមុខងារចំនួន០៥ និងមុខងាររងចំនួន០៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ១. ការងាររដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ២. ការងារសហគមន៍មូលដ្ឋាន ៣. កិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់) ៤. ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និង៥. ការអភិវឌ្ឍដោយចីរភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួមសហការល្អនាពេលកន្លងមក ក្នុងការអនុវត្តមុខងារ ដែលបានផ្ទេរពីក្រសួងបរិស្ថាន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរួមចំណែកធានាប្រសិទ្ធភាព និងប្រសិទ្ធផលការងារ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន សោភ័ណភាពក្រុង ស្រុក ខណ្ឌ និងសុខុមាលភាពសាធារណៈ និងការរស់នៅដោយចីរភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន៕












0 Comments:
Post a Comment