(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ឈានទៅឆ្លុះកញ្ចក់មើលអតីតកាល ដើម្បីកែលម្អបច្ចុប្បន្ន និងកសាងផែនការដ៏រឹងមាំសម្រាប់អនាគត សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។
ពិធីបើកសន្និបាតខាងលើនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង (សាលប្រជុំធំថ្មីសាលាខេត្ត) ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, អភិបាល អភិបាលរង ក្រុងស្រុកទាំង៧, មេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៤៩ឃុំសង្កាត់, មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសបើកសន្និបាត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជម្រាបជូនថា អង្គសន្និបាតរបស់យើងនាពេលនេះ ពិតជាមានអត្ថន័យ និងជាឱកាសដ៏មានសារៈសំខាន់ សម្រាប់យើងទាំងអស់គ្នា សម្រាប់ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែង សម្រេចបាន និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសេសសល់ សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារ សម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រោមវិធានការ គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ និងឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។ ជាមួយគ្នានោះក្របខ័ណ្ឌគោលនយោបាយ និងគតិយុត្ត គឺជម្រុញឱ្យមានការរីកចម្រើន ធានាប្រក្រតីភាព ជីវភាពសង្គម និងផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ឱ្យមានភាពសុខដុមរមនា និងបង្កើននូវទំនុកចិត្ត ជូនដល់វិនិយោគគិន ធុរជន និងពាណិជ្ជករ មកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ជាបន្តបន្ទាប់។
លោកបន្តទៀតថា រយៈពេលមួយឆ្នាំនេះ រដ្ឋបាលខេត្តសម្រេចបាននូវសមិទ្ធិផលជាច្រើន ដូចជាស្ថាបនាចាក់ដីសួនច្បារច្រាំងស្ទឹង ទំនប់ការពារ, ពង្រីកតួផ្លូវ ពីចំណុចផ្លូវបំបែកជាតិលេខ៥ ទៅដល់វត្តល្ហួង ជាផ្លូវគំរូ និងរៀបចំទីតាំងថ្មីជូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឱ្យមករស់នៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ក្រៅពីនោះដាក់បង្គោល និងអំពូលភ្លើងសូឡា នៅតាមផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងតាមផ្លូវសាធារណៈ ផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរាត្រី និងជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ដើម្បីទទួលបានធាតុចូលពីសមាជិក នៃអង្គសន្និបាតទៅលើរបាយការណ៍ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦បន្តទៅទៀតនោះ តម្រូវឱ្យមន្ទីរអង្គភាព និងវិស័យពាក់ព័ន្ធ ត្រូវមានការវិវត្តថ្មី តាមប្រធានបទដែលមានស្រាប់ ដោយផ្តោតសំខាន់លើលទ្ធផលការងារ បញ្ហាប្រឈម វិធានការ ដំណោះស្រាយ និងសំណូមពរព្រមទាំងពិភាក្សាបន្ថែម លើចំណុចគន្លឹះក្នុងការធានាឱ្យមានប្រសិទ្ធិភាព ទិសដៅរបស់រដ្ឋបាលខេត្ត។ ជាការពិតណាស់ថា លទ្ធផលសម្រេចបានគួជាទីមោទនៈ ក្នុងឆ្នាំ២០២៥កន្លងមក គឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន អ្នកពាក់ព័ន្ធនានា និងជាពិសេស គឺការសហការ និងការចូលរួមពីប្រជាពលរដ្ឋ។
លោក ខូយ រីដា បានគូសបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែសហការគ្នាដោះស្រាយ និងខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួនថែមទៀត ដូចជាការបង្រ្កាបទបល្មើសគ្រឿងញៀន, ចោរកម្ម, ការបង្រ្កាបទបល្មើសព្រៃឈើ, បទល្មើសនេសាទ, ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ, ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ, ការផ្តល់សេវាតាមរយៈមន្ទីរអង្គភាពជំនាញ, ការបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ដោយឡែកបញ្ហានៅចំពោះមុខនេះ គឺបញ្ហាការពារបូរណភាពទឹកដី ពីសត្រូវថៃឈ្លានពាន ដែលជាកាតព្វកិច្ចដ៏សំខាន់របស់កូនខ្មែរគ្រប់រូប ក្នុងការចូលរួមការពារ និងគាំទ្រ ដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តាមរយៈច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា៕










































0 Comments:
Post a Comment