សូមស្វាគមន៍ កាសែត គេហទំព័រ មានជ័យញូវ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

សូមស្វាគមន៍ www.kaset-ning-k-meancheynews.com.kh / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ : លោក រាជ្យ វុត្ថា ទីស្នាក់ការស្ថិតនៅផ្ទះលេខ០៣ ផ្លូវទំនប់៧មករា ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ / Tele: 0973909678 / 012913999

Sunday, April 26, 2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។

ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណែនាំ ដូចខាងក្រោម៖

១- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។

២- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្របដូចជា ដងវិថី និង

ទីតាំងសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារ ដូចខាងក្រោម៖

- អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

- រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ

- ប្តេជ្ញាបន្តជំរុញ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

- រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ

- រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិតនិងនិយោជក

- រួមគ្នាធានាឱ្យបាននូវរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត

- សន្តិភាពជាមូលដ្ឋានគ្រឹះនៃនិរន្តរភាពមុខរបរនិងការងារ

- សុវត្ថិភាពនិងសុខភាពការងារ ជាមូលដ្ឋានគ្រឹះភាពធន់នៃកម្លាំងពលកម្ម

- ជំរុញការវិនិយោគនិងបង្កើនឱកាសការងារសមរម្យ

- មានការងារ បង្កើនជំនាញ បង្កើនផលិតភាពការងារ។

៤- ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំចងបដាពាក្យស្លោក ដូចមានខ្លឹមសារក្នុងចំណុចទី៣ ខាងលើនេះ នៅច្រកចេញចូលនិងនៅតាមអគារសហគ្រាស ក្រុមហ៊ុន រោងចក្ររបស់ខ្លួន។

៥- អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជកនៃសហគ្រាស ក្រុមហ៊ុន រោងចក្រនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញ ពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។

៦- ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាល រាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ឱ្យបានល្អ។

៧-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការជាមួយនឹងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈរបស់និយោជក ដូចតទៅ៖

- រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម រាជធានី ខេត្តនីមួយៗ

- ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម សហគ្រាស ក្រុមហ៊ុន រោងចក្រនីមួយៗ តាមស្ថានភាពជាក់ស្តែង។

៨- មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលរាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរនិងកម្មវិធីនានា។

៩- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារនិងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក បងប្អូនកម្មករនិយោជិតខ្មែរនិង បរទេសទាំងអស់ ចូលរួមរំលឹកខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាស សោមនស្សរីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យស័ក្តិសមជាទិវាការងាររបស់ជាតិយើង៕


0 Comments:

Post a Comment