(សៀមរាប)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការងារពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងនោះក៏មានការចូលរួមពី លោក នាក់ ណេរួន អភិបាលរងខេត្តសៀមរាប, លោក ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យទាំង៤ ប្រធានមន្ទីរពេទ្យខេត្ត អភិបាលរងស្រុកសូត្រនិគម រុនតាឯក អង្គរជុំ ក្រឡាញ់ ប្រធានការិយាល័យស្រុកប្រតិបត្តិសូត្រនិគម រុនតាឯក អង្គរជុំ ពួក ក្រឡាញ់ និងប្រធានមន្ទីរពេទ្យសូត្រនិគម រុនតាឯក អង្គរជុំ ពួក និងក្រឡាញ់។
លោកបណ្ឌិត កែរ រដ្ឋា បានឲ្យដឹងថា កម្មវិធីចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកសូត្រនិគម រុនតាឯក អង្គរជុំ ពួក និងក្រឡាញ់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ដែលបានលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។
លោកបានណែនាំថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ ជាពិសេសអ្នកជំងឺក្រីក្រ អ្នកជំងឺមានបណ្ណមូលនីធិសមធម៌ ងាយរងគ្រោះ ងាយហានិភ័យ ជនមានពិការភាព និងអ្នកជំងឺ ប.ស.សជាដើម។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែគិតគូពីសុខភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅក្នុងនោះមុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាល ស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា មន្ត្រីក្រសួងសុខាភិបាល ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យសុខាភិបាលបច្ចុប្បន្នមានការរីកចម្រើនជាទីមោទនៈ។ក្នុងឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កម្រិត១ និងកម្រិត២ ឲ្យមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្រ្គោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ បង្ខិតសេវាសុខាភិបាលឲ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ដេីម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕







































0 Comments:
Post a Comment