លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» (TheSupplyChainForum2026) ដែលរៀបចំឡើងក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងភាគីពាក់ព័ន្ធជាច្រើនទៀតក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការប្រឹក្សាលើការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីការពារម៉ាក, សេវាផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO), ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល (ច.ប.ផ)។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក ជាពិសេសការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។
លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។
លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នាពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព។
វេទិកានេះមានសកម្មភាពស្នូលសំខាន់ៗ រួមមាន៖ ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម (G2B2B) ការចែករំលែកបទពិសោធន៍ និងករណីសិក្សាអំពីប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម (Pitching) ការបង្ហាត់បង្រៀនអំពីការអភិវឌ្ឍម៉ាកយីហោ (Branding) និងការវេចខ្ចប់ផលិតផល (Packaging) ព្រមទាំងការផ្តល់ប្រឹក្សាអំពីសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចសំខាន់ៗ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន ៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត និងយុទ្ធនាការផលិតផលស្ត្រី #MadeByHer ព្រមទាំងការជំរុញការផ្សព្វផ្សាយ និងការចុះបញ្ជីផលិតផលហាឡាលកម្ពុជា។
យុទ្ធនាការទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យប្រើប្រាស់វេទិកានេះ ដើម្បីស្វែងរកដៃគូសហការ ផ្លាស់ប្តូរបទពិសោធន៍ និង «ប្រែក្លាយការពិភាក្សាឱ្យក្លាយជាឱកាសពាណិជ្ជកម្មជាក់ស្តែង» សំដៅបំពេញចន្លោះខ្វះខាត បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងឆ្ពោះទៅកាន់ចីរភាពខ្សែច្រវាក់ផ្គត់ផ្គង់កម្ពុជា៕



















0 Comments:
Post a Comment